ព័ត៌មានជាតិ

ការបង្កើនការនាំចេញឆ្លុះបញ្ចាំងពី​ សមត្ថភាពផ​លិតកម្ម និងការ​ផ្គត់ផ្គង់រ​បស់កម្ពុជា

ការនាំចេញរបស់កម្ពុជាបានកើនឡើងយ៉ាងខ្លាំងនៅក្នុងឆមាសទី១ឆ្នាំនេះដែលឆ្លុះបញ្ចាំងពីសមត្ថភាពផលិតកម្ម និងការផ្គត់ផ្គង់ខ្ពស់របស់កម្ពុជា ក្នុងអំឡុងពេលនៃជំងឺរាតត្បាត។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ការនាំចេញសរុបរបស់កម្ពុជាមានតម្លៃ ១១.៣៧ ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំ២០២២ កើនឡើង ៣៣.៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍​បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិក​ជា​ទីផ្សារ​ធំ​បំផុត​របស់​ប្រទេស​នេះ ដោយ​គូសបញ្ជាក់​ថា​បរិមាណ​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក​នេះ​ កើន​ឡើង ៥៤ ភាគរយធៀប​ទៅ​ឆ្នាំមុន ដែល​ស្មើ​នឹង ៥១.៨ ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប។លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបានកើនឡើង បើទោះបីជាការនាំចេញផលិតផលធ្វើដំណើរ ត្រូវបានធ្វើឡើងដោយគ្មានប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក (GSP)ក៏ដោយ។លោកបានប្រាប់សន្និសីទសារព័ត៌មានដែលរៀបចំឡើងនៅថ្ងៃទី២១ ខែកក្កដា ដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលថា “ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ទោះបីជាកម្ពុជាមិនទាន់ទទួលបានថានៈ GSP ថ្មីក៏ដោយ វាបានឈានដល់កម្រិតខ្ពស់ ដែលឆ្លុះបញ្ចាំងពីសមត្ថភាពផលិតកម្មនិងទីផ្សារផ្គត់ផ្គង់របស់កម្ពុជា”។កម្ពុជាបាននាំចេញផលិតផលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកក្រោមថានៈ GSP ដែលត្រូវបានប្រកាសជាផ្លូវការក្នុងឆ្នាំ២០១៦ ។ ប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលផ្តល់ជូនដល់ប្រទេសអភិវឌ្ឍន៍តិចតួចបានផុតកំណត់កាលពីខែធ្នូឆ្នាំមុន។
ទំនិញផ្សេងទៀត ដូចជា វាយនភ័ណ្ឌ គ្រឿងបន្លាស់អេឡិចត្រូនិច និងកង់ជាដើម ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិកក្រោមគោលការណ៍”ប្រទេសដែលទទួលបានការអនុគ្រោះពន្ធ (Most-Favoured-Nation) “៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button