ពិធីបេីកការដ្ឋានគម្រោងសាងសង់ទីលានទុកដាក់សម្រាម នៃគម្រោងទីក្រុងគួរឲ្យចង់រស់នៅ នៅក្រុងបាវិត …………………………

ស្វាយរៀង៖ ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងពិធីក្រុងពាលីសុំសេចក្តីសុខបេីកការដ្ឋានលេីការងារអនុគម្រោងសាងសង់ទីលានទុកដាក់សម្រាមក្រុងបាវិត នៃគម្រោងទីក្រុងគួរឲ្យចង់រស់នៅ ស្ថិតនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
ពិធីនេះមានការអញ្ជេីញចូលរួមពី៖
អភិបាលរងខេត្ត លោកលោកស្រី ជាមន្ត្រីនៃសាលាខេត្ត តំណាងទីប្រឹក្សាបច្ចេកទេសទទួលបន្ទុកគម្រោង ADB លោកតំណាងមន្ទីរបរិស្ថានខេត្ត លោកតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីPIU ចំណុះមន្ទីរ លោកអភិបាល គណៈអភិបាលក្រុងបាវិត និងមន្ត្រីPIU ចំណុះសាលាក្រុងបាវិត លោកប្រធានក្រុមប្រឹក្សាក្រុង សមាជិកក្រុមប្រឹក្សាក្រុង លោកចៅសង្កាត់ទាំង៥ក្នុងក្រុងបាវិត កងកម្លាំងទាំងបីប្រភេទ ព្រមទាំងមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋជាច្រេីនរូប។
ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយ ADB លើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងនេះនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ មានចំនួន ១៩៣,២០ លានដុល្លារអាមេរិក ក្នុងនោះមាន ឥណទានសម្បទានពី ADB ចំនួន១៨០ លានដុល្លារអាមេរិក និងការចូលរួមជាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៣,២០ លានដុល្លារអាមេរិក ហេីយមានរយៈពេលអនុវត្តជាង ៦ឆ្នាំ ចូលជាធរមាននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៨។
ទន្ទឹមនេះ ភ្នាក់ងារប្រតិបត្តិគម្រោង សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងគួរឲ្យចង់រស់នៅ គឺជាក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវអនុវត្តអនុគម្រោងចំនួន៥ ក្នុងនោះ ២អនុគម្រោងស្ថិតក្នុងក្រុងបាវិត និង២អនុគម្រោងទៀតស្ថិតនៅ ក្រុងប៉ោយប៉ែត និងក្រុងកំពត។
សូមជម្រាបជូនផងដែរថា ទីលានទុកដាក់សំរាមដែលគ្រោងនឹងសាងសង់នេះមានផ្ទៃដីទំហំ ២១ ហិចតា គម្រោងនឹងបែងចែកដីប្រើប្រាស់ជា ២ផ្នែកធំៗគឺ៖
ផ្នែកទី១៖ សាងសង់រណ្តៅចាក់សំរាមចំនួន៥ រណ្តៅ និងប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ចេញពីសំណល់ ។
ផ្នែកទី២៖ សាងសង់ប៉ុស្តិ៍សន្តិសុខ និងស្លាកសញ្ញាគម្រោង ធុងស្តុកសំណល់រាវនិង ស្ពានថ្លឹងទម្ងន់ ការិយាល័យ ផ្លូវចូលទីតាំងគម្រោង និងផ្លូវក្នុងទីតាំងគម្រោង ប្រព័ន្ធលូបង្ហូរ អណ្តូងត្រួតពិនិត្យគុណភាពទឹក កន្លែងចំណត កន្លែងចែកចាយ និងផ្គត់ផ្គង់អគ្គិសនី អគាររដ្ឋបាល កន្លែងហូបអាហារ និងកន្លែងសម្រាក កន្លែងញែកសំរាម កន្លែងរៀបចំធ្វើជីកំប៉ុស ធុងទឹកភ្លៀង កន្លែងផលិតហ្គាស ស្រះទឹកភ្លៀង ទីកន្លែងបន្ថែមសម្រាប់ទីលានញែកសំរាម កន្លែងសម្អាតរថយន្ត របង និងសួនច្បារ ដែលមានដាំដើមឈើជាដេីម។
ឯកឧត្តម ប៉េង ពោធិ៍សា បានមានប្រសាសន៍ផ្ដាំផ្ញើចំពោះ ការអនុវត្តនៃគម្រោងខាងលេីនេះ គឺបានចូលរួមលើកកម្ពស់សោភ័ណភាពក្រុងបាវិត ក្នុងការប្រគួតប្រជែងទីក្រុងស្អាត ដោយប្រែក្លាយទីក្រុងទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចតាមរយៈកែលម្អហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្រុង និងពង្រឹងសមត្ថភាពស្ថាប័នរបស់អាជ្ញាធរខេត្ត និងមូលដ្ឋាន។
ឯកឧត្តមបានបន្ថែមទៀតថា បងប្អូន ពូមីង ដែលមានវត្តមាននៅទីនេះ សូមកុំភ្លេចជួយអប់រំកូនចៅ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការធ្វើចរាចរណ៍តាមដងផ្លូវ ជួយអប់រំកូនចៅ ឲ្យជៀសឆ្ងាយពីគ្រឿងញៀន ជួយអប់រំកូនចៅ ឱ្យយកចិត្តទុកដាក់រៀនសូត្រ ដើម្បីក្លាយខ្លួនជាមនុស្សល្អនៅក្នុងសង្គម កុំឱ្យក្លាយខ្លួនជាក្មេងទំនើង។